ការផ្តល់អាហារបន្ថែមនៅអាយុ ៦ខែ គឺជាដំណាក់កាលដំបូងនៃជីវិតរបស់កុមារដែលចាប់ផ្តើមស្គាល់ពីអាហារ រួមមានរសជាតិ សភាពនៃអាហារ (ទន់ រឹង រាវ) និងរៀនពីរបៀបលេបដុំអាហារ ដូច្នេះវាជាការសំខាន់ណាស់ ដែលអ្នកត្រូវយល់ដឹងពីរបបអាហារ រសជាតិ បរិមាណនៃអាហារ ដែលត្រូវផ្តល់ទៅតាមអាយុរបស់កុមារ និងរបៀបបញ្ចុកឱ្យបានត្រឹមត្រូវ។ អាយុរបស់កុមារដែលនឹងត្រូវផ្តល់អាហារបន្ថែម ត្រូវបានបែងចែងទៅតាមក្រុមអាយុដូចខាងក្រោម៖
១. ពីអាយុ ៦ខែ
២. ពីអាយុ ៦ ទៅ ៨ខែ
៣. ពីអាយុ ៩ ទៅ ១១ខែ
៤. ពីអាយុ ១២ ទៅ ២៤ខែ
៥. ពីអាយុ ២៤ខែ ឡើងទៅ
អាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ
នៅពេលដែលអាយុបាន ៦ខែ ការផ្តល់ទឹកដោះម្តាយតែមួយមុខគត់ គឺមិនគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់កុមារទេ។ ដូច្នេះម្តាយ ឬអ្នកថែទាំត្រូវផ្តល់អាហារបន្ថែមជាមួយនឹងការបំបៅទឹកដោះម្តាយ។ អាហារបន្ថែមត្រូវចម្អិនអោយបានឆ្អិនល្អ និងពាតអោយម៉ដ្ឋល្អ។ នេះជាពេលវេលាដំបូងដែលកូនរបស់អ្នកចាប់ផ្តើមស្គាល់ពីអាហារ ក្រៅពីទឹកដោះម្តាយ ដូច្នេះសូមអត់ធ្មត់ និងព្យាយាមបញ្ចុកតាមសម្រួល និងរីករាយជាមួយកូនអ្នក។
ទាំងនេះជាគន្លឹះ៖
១. ប្រភេទអាហារ៖ បបរខាប់គ្រប់គ្រឿងដែលមានត្រីកិនឳ្យម៉ដ្ឋ ស៊ុត ឬសាច់ ល្ពៅ និងបន្លែស្លឹកពណ៌បៃតងចាស់ដែលចិញ្រ្ចាំពាតឳ្យម៉ដ្ឋ។
២. ចំនួនដង៖ ២ ដងក្នុង១ថ្ងៃ
៣. បរិមាណអាហារ៖ ផ្តល់ពី ២-៣ ស្លាបព្រាបាយក្នុង ១ ពេលៗ។
សម្គាល់៖
– លាងដៃរបស់អ្នក និងដៃរបស់កូនអ្នកជាមួយទឹក និងសាប៊ូ រៀងរាល់ពេលមុនបញ្ចុកអាហារដល់កូន
– ដាក់កូននៅលើភ្លៅរបស់អ្នក ហើយបញ្ចុកអាហារដោយសកម្ម
– ចូរផ្តល់អាហារឱ្យកូនតាមបរិមាណ និងព្យាយាមរហូតអាហារអស់ពីចាន
– សូមរក្សាចន្លោះពេលយ៉ាងហោចណាស់ ៣០នាទីពីការបំបៅដោះកូន និងបញ្ចុកអាហារ។
#HealthTips #PNC #MealforChild #FlourishingCommunities #FHCambodia